"និស្ស័យ - Fate" ភាគ១



[ខ្ញុំ❤រឿងកូរ៉េ - Buntith]

និស្ស័យ (Fate)

ដោយប៊ុនទិត្យ





១៥
សម្រាប់អ្នកអានដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅប៉ុណ្ណោះ។
រឿងនេះដកស្រង់ចេញពីរឿងដែលបានកើតឡើងពិតប្រាកដ 
ប៉ុន្តែផ្នែកមួយចំនួននៅក្នុងរឿងត្រូវបានបន្ថែមបន្ថយ។
បញ្ជាក់៖ អក្ខរាវិរុទ្ធកន្លែងខ្លះអាចនឹងមានខុស។





ភាគ១

ពុករបស់រង្សីចូលចិត្តពិសារបារីខ្លាំងណាស់ រហូតថ្ងៃខ្លះគាត់ពិសារបារីដល់ទៅពីរកញ្ចប់ក្នុងមួយថ្ងៃឯណោះ។ ពេលដែលគាត់ពិសារបារីយូរៗទៅ ស្រាប់តែថ្ងៃមួយគាត់ក៏ក្អួតឈាម ហើយរង្សីនិងពុកម៉ែរបស់គេក៏ទៅមន្ទីពេទ្យមួយដើម្បីពិនិត្យមើលជំងឺពុករបស់គេ
-      លោកគ្រូពេទ្យ? ពុកខ្ញុំម៉េចក៏គាត់ក្អួតឈាមអញ្ចឹង? គាត់មិនមានអីធំដុំទេមែនទេ?
-      លោកអ៊ំ សូមតាំងចិត្តឲ្យស្ងប់ណា
-      បាទលោកគ្រូពេទ្យប្រាប់មកចុះ ខ្ញុំអាចធ្វើចិត្តបាន
-      អ៊ំមានជំងឺមហារីកថ្លើមហើយ
-      មហារីកថ្លើម?
-      បាទលោកអ៊ំអាចរស់នៅបានមិនដល់មួយឆ្នាំទៀតនោះទេ
នៅពេលដឹងបែបនេះហើយ អ្នកទាំងបីក៏ត្រឡប់មកផ្ទះវិញ។ ដោយសារតែចង់ឃើញកូនប្រុសតែម្នាក់របស់គាត់រៀបការ ពុករបស់រង្សីទៅដណ្តឹងកូនរបស់គេមកឲ្យកូនរបស់ខ្លួន។
ចម្ប៉ាជាកូនស្រីម្នាក់នៅក្នុងមនុស្សគ្រួសារមួយនៅស្រុកស្រែ។ នាងទើបតែរៀនចប់ថ្នាក់ទី១២ ហើយកំពុងតែរៀនត្រៀមដើម្បីប្រឡងធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា។ នៅព្រឹកមួយនៅពេលដែលនាងកំពុងតែមើលមេរៀននៅមុខផ្ទះ មានមនុស្សប្រមាណពីរទៅបីនាក់កំពុងតែដើរមក ដោយកាន់ផ្លែឈើមកផង។ ចម្ប៉ាឃើញដូចនេះក៏ដើរទៅក្រោយផ្ទះដើម្បីប្រាប់ម៉ែរបស់នាង
-      ម៉ែ! នណាគេនោះមកលេងយើងណោះ! (ចម្ប៉ាប្រាប់របស់នាងដែលកំពុងធ្វើម្ហូប)
-      នណាគេ កូន?  (ម៉ែរបស់នាងនិយាយបណ្តើរ ធ្វើម្ហូបបណ្តើរ)
-      ខ្ញុំអត់ស្គាល់ទេ
-      អើ! ចាំម៉ែចេញទៅ កូនទៅនិយាយលេងជាមួយគេសិនទៅ
ម៉ែរបស់នាងប្រាប់ដូចនេះហើយ ចម្ប៉ាក៏ដើរចេញមកក្រៅវិញ។ នាងនិយាយប្រាប់អ្នកដែលមកផ្ទះនាងនោះឲ្យទៅអង្គុយនៅក្រោយដើមឈើមុខផ្ទះរបស់នាង។ បន្តិចក្រោយមក ម៉ែរបស់ចម្ប៉ាក៏ចេញមក
-      ជំរាបសួរអ្នក! (ស្រ្តីចំណាស់ម្នាក់ដែលមកលេងនោះលើកដៃពេលឃើញម៉ែរបស់ចម្ប៉ា)
-      ចាសជំរាបសួរ! អ្នកមកមានការអីដែរ? (ម៉ែរបស់ចម្ប៉ាឃើញមានផ្លែឈើប៉ុន្មានកន្រ្តកក៏សួរ)
-      ចាសគឺមិនលាក់បាំងអីទេ ខ្ញុំនឹងពុកវាមកនេះគឺចង់ដណ្តឹងកូនអ្នក
-      ដណ្តឹងខ្ញុំ? (ចម្ប៉ាលាន់ម៉ាត់)
-      ចាស! គឺដណ្តឹងក្មូយហ្នឹងហើយអ្នកយល់យ៉ាងណាដែរ?
-      រឿងហ្នឹងគឺចម្ប៉ា! កូនទៅហៅពុកឯងបន្តិចមើល
-      ចាស ម៉ែ… (ចម្ប៉ាងើបពីកន្លែងអង្គុយនោះទៅហៅពុករបស់នាងដែលកំពុងនៅលើផ្ទះ)
-      ចុះអ្នកមកពីស្រុកណាដែរ? ហេតុអីក៏ស្គាល់កូនរបស់ខ្ញុំ?
-      ចាសតាមពិតទៅខ្ញុំនៅភូមិជាប់អ្នកដែរទេ ហើយកូនប្រុសរបស់ខ្ញុំនេះឃើញកូនរបស់អ្នកហើយក៏ជាប់ចិត្ត ទើបខ្ញុំនិងពុកវាមកដណ្តឹងកូនអ្នកហ្នឹងណា
-      អូអញ្ចឹងទេអ្ហេ?
-      អ្នកអើយជំរាបសួរ… (ពេលឃើញពុករបស់ចម្ប៉ាដើរមក អ្នកដែលដណ្តឹងនោះក៏និយាយឡើង)
-      បាទ! ជំរាបសួរ (ពុកចម្ប៉ានិយាយហើយក៏ឡើងអង្គុយលើគ្រែ)
-      អ្នកយល់យ៉ាងណាដែរ បើខ្ញុំចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយអ្នក?
-      បាទ? (ពុករបស់ចម្ប៉ានិយាយដូចជាភ្ញាក់ផ្អើលខ្លាំង)
-      គេមកដណ្តឹងកូនយើង… (ម៉ែចម្ប៉ានិយាយខ្សិបៗប្រាប់ប្តីរបស់គាត់)
-      អ្ហាបាទ! រឿងហ្នឹងស្រេចតែលើកូនស្រីខ្ញុំទេ ព្រោះវាជាអ្នករៀបការ មិនមែនខ្ញុំទេ
-      ចាស… (លឺពុកចម្ប៉ានិយាយអញ្ចឹង អ្នកគ្រប់គ្នាក៏សើច)
-      ប៉ុន្តែ ខ្ញុំនិងម៉ែវាមិនទាន់បានស្គាល់ចរឹកកូនអ្នកច្បាស់ទេដូចជាពិបាកថាបន្តិច… (ពុកចម្ប៉ាហាក់ដូចជារារែកចិត្ត)
-      ចាសខ្ញុំក៏យល់អញ្ចឹងដែរ។ ឥឡូវអញ្ចេះទៅ អ្នកកំពុងតែធ្វើផ្ទះ មិនអញ្ចឹងអ្ហេ? ឲ្យកូនប្រុសខ្ញុំជួយធ្វើអ្នកឲ្យរួចទៅ? បើសិនជាអ្នកពេញចិត្តឬមិនពេញចិត្ត ចាំប្រាប់ពេលហ្នឹងក៏បាន
-      មិនសមទេអ្ហី? (ពុកចម្ប៉ានិយាយ)
-      ចាស! មិនអីទេ កូនខ្ញុំអាចធ្វើរឿងទាំងអស់ហ្នឹងបាន មិនអញ្ចឹងអ្ហីកូន?
-      បាទ ម៉ែ
-      និយាយគ្នាយូរហើយ ដូចមិនទាន់ស្គាល់ឈ្មោះក្មួយប្រុស… (ម៉ែចម្ប៉ានិយាយ)
-      មែនហ្នឹង! និយាយណែរនាំខ្លួនប្រាប់អ៊ំទៅកូន
-      បាទជំរាបសួរអ៊ំប្រុស អ៊ំស្រី និងប្អូនស្រីផងដែរខ្ញុំបាទឈ្មោះរង្សី
-      រង្សី? (ម៉ែរបស់ចម្ប៉ាសួរ)
-      បាទ! អ៊ំ
-      ក្មួយឯងរៀនដល់ណាហើយ? (គាត់សួរបន្ត)
-      ខ្ញុំរៀនចប់សកលវិទ្យាល័យហើយអ៊ំ
-      ចុះការងារ?
-      ខ្ញុំមកធ្វើស្រែ អ៊ំ
-      ធ្វើស្រែ? រៀនចប់ម៉េចក៏មកធ្វើស្រែ?
-      មកពីខ្ញុំរៀនខាងកសិកម្មហ្នឹងអ៊ំ
-      អ្ហា! អញ្ចឹងទេអ្ហេ?
-      បាទ….
-      អើ! ការងារអីក៏ល្អដែរ កុំឲ្យតែធ្វើការងារទុច្ចរិតទៅបានហើយ
-      និយាយអញ្ចឹង អ្នកឲ្យកូនខ្ញុំនៅជួយធ្វើផ្ទះអ្នកសិនទៅ ចាំធ្វើហើយចាំនិយាយគ្នាបន្តទៀត… (ម៉ែរបស់រង្សីនិយាយ)
-      បាទ! មិនអីទេឲ្យក្មួយរង្សីនៅជួយហ្នឹងសិនក៏បានដែរ (ពុករបស់ចម្ប៉ានិយាយ)
-      ចាសមែនហើយ! ឲ្យក្មួយរង្សីនៅជួយក៏បាន បើសិនជាពិបាកទៅមកក្មួយមកស្នាក់នៅទីហ្នឹងសិនក៏បាន
-      ចាសបើអ្នកគិតអញ្ចឹង ខ្ញុំក៏មិនយល់ទាស់អីដែរចាំពេលទៅផ្ទះវិញ ខ្ញុំនឹងឲ្យកូនរង្សីរៀបចំខោអាវមកស្នាក់នៅទីនេះ
អ្នកទាំងអស់គ្នានិយាយគ្នារួចហើយ ពុកម៉ែរបស់រង្សីនិងគេត្រឡប់ទៅផ្ទះវិញ។ ម៉ែរង្សីរៀបចំខោអាវរួចហើយក៏ឲ្យរង្សីទៅស្នាក់នៅជាមួយផ្ទះរបស់ចម្ប៉ា។ នៅពេលដែលរង្សីមកស្នាក់នៅទីនោះ គេជួយការងារគ្រប់បែបយ៉ាងដូចជាជួយលើកនេះ លើកនោះ ហើយជួនកាលគេថែមទាំងជួយពុះអុស និងរែកទឹកដាក់ពាងទៀតផង។ ដោយឃើញហេតុការណ៍បែបនេះ ពុកម៉ែរបស់ចម្ប៉ាមានការពេញចិត្តនឹងរង្សីយ៉ាងខ្លាំង ប៉ុន្តែនិយាយចម្ប៉ាវិញ នាងមិនសូវជាពេញចិត្តនឹងរង្សីនោះទេ ដោយគិតថារូបគេធ្វើនេះដើម្បីតែចង់យកចិត្តពុកម៉ែរបស់នាងតែប៉ុណ្ណោះ។ ថ្ងៃមួយនៅពេលល្ងាច រង្សីកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកដោយមិនស្លៀកអ្វីទាំងអស់ ចម៉្បារត់មកបើកទ្វាបន្ទប់ទឹកនោះ
-      អុ!... (ចម្ប៉ាស្រឡាំងកាំងពេលឃើញរង្សីកំពុងបែរមុខមករកនាង)
-      យ៉ា! ម៉េចក៏បើកទ្វាអញ្ចឹង? (ឃើញអញ្ចឹងរង្សីក៏សួរ ប៉ុន្តែគេមិនបានបិទទ្វាបន្ទប់ទឹកនោះទេ ព្រោះគេកំពុងតែដុសស្បែកជើងរបស់គេ)
-      ហើយម៉េចក៏ចាក់កន្លឹស? ហើយស្បែកជើងម៉េចក៏មិនទុកនៅមុខទ្វា? (ចម្ប៉ាយកដៃទៅបិទភ្នែករបស់នាង ប៉ុន្តែលួចមើលតាមចន្លោះដៃ)
-      ចុះបើស្បែកជើងកំពុងតែលាងវា(និយាយហើយរង្សីក៏យកកន្សែងមករុំខ្លួនរបស់គេ ទើបបិទទ្វាបន្ទប់ទឹកទៅ)
-      ឲ្យលឿនបន្តិចមក ខ្ញុំឈឺពោះណាស់
-      បាទចាំបន្តិចទៅ
មួយសន្ទុះក្រោយមក រង្សីក៏ចេញពីបន្ទប់ទឹកមក។ ពេលដែលគេចេញមក រង្សីរកមើលចម្ប៉ាមិនឃើញ រួចគេក៏ឡើងទៅលើផ្ទះទៅ។ ចំណែកចម្ប៉ានៅពួនពីក្រោយបន្ទប់ទឹក ព្រោះនាងមិនចង់ជួបនឹងរង្សីឡើយ ដោយសារតែនាងមានអារម្មណ៍ខ្មាសអៀននឹងគេ។ នៅពេលញ៉ាំបាយពេលល្ងាច គ្រួសាររបស់ចម្ប៉ា និងរង្សីញ៉ាំបាយជាមួយគ្នា
-      នែ! និយាយអញ្ចឹង ល្ងាចមិញ នៅបន្ទប់ទឹក(ម៉ែរបស់ចម្ប៉ានិយាយ)
-      ចាស? (ចម្ប៉ានិយាយកាត់ ទាំងឈ្លក់បាយទៀតផង)
-      យ៉ាងម៉េចហ្នឹងកូន? (ឃើញអញ្ចឹង ម៉ែរបស់នាងក៏សួរ)
-      ខ្ញុំអត់អីទេម៉ែ… (ចម្ប៉ានៅតែក្អកទៀត)
-      នេះ! ញ៉ាំទឹកទៅ… (រស្សីហុចទឹកឲ្យចម្ប៉ា)
-      អគុណ… (ចម្ប៉ានិយាយ)
-      ពីរនាក់ហ្នឹងប្រហែលមានរឿងអីហើយ មើលទៅ… (វាសនាដែលជាប្អូនរបស់ចម្ប៉ានិយាយ)
-      អត់មានរឿងអីឯណា… (ចម្ប៉ាប្រកែក)
-      អញ្ចឹង! រួចម៉េចក៏ឈ្លក់បាយចុះ? (វាសនាចង់ជាន់កែងចម្ប៉ា)
-      ចុះបើវាឈ្លក់ ឲ្យធ្វើម៉េចចុះ?
-      បានអ្ហីៗ កុំឈ្លោះគ្នាទៀតមិនចេញខ្មាសរង្សីទេអ្ហេ?
-      ខ្មាសអី នៅជាមួយគ្នាពីរខែហើយ… (ចម្ប៉ានិយាយតិចៗ)
-      ឥឡូវម៉ែសួរម្តងទៀត នណាចូលបន្ទប់ទឹកល្ងាចមិញ?
-      ខ្ញុំ! អ៊ំ
-      រង្សី? ចុះមានណាទៀតទេ? អត់មានទេអ្ហេ? (ម៉ែចម្ប៉ាសួរហើយ អត់មាននណានិយាយ)
-      ចម្ប៉ាអ៊ំ
-      ចម្ប៉ាដែរ? ហើយម៉េចក៏មិននិយាយ?
-      សួរធ្វើអីម៉ែ? (ចម្ប៉ាសួរ)
-      នៅសួរធ្វើពើទៀតអ្ហី កូននេះមែន! នៅមើលបន្ទប់ទឹកម្តងទៀតមើល
-      អ្ហាយខ្ញុំភ្លេច
-      បានអ្ហីៗកំពុងញ៉ាំបាយបែរជាទៅនិយាយរឿងអញ្ចឹងៗ… (ពុកចម្ប៉ានិយាយ)
-      ចែឯង ប្រហែលជាភ្លេចចាក់
វាសនានិយាយបានបន្តិច ចម្ប៉ាយកបាយទៅញ៉ុកម៉ាត់គេ។ រង្សីឃើញបែបនេះក៏លួចញញឹមតិចៗ ហើយចម្ប៉ាឃើញគេញញឹមអញ្ចឹងក៏ធ្វើជាខឹង។ មិនយូរប៉ុន្មានផ្ទះរបស់ចម្ប៉ាក៏សង់រួចរាល់ ពុកម៉ែរបស់ចម្ប៉ាក៏ហៅកូនរបស់ខ្លួនមកនិយាយ
-      ចម្ប៉ា! កូនគិតម៉េចដែរ?
-      ចាស? គិតអីម៉ែ
-      រឿងដែលរង្សីស្តីដណ្តឹងកូននោះអី
-      អើ! កូនឯងគិតម៉េច? ពុកនិងម៉ែគិតថា រង្សីជាមនុស្សល្អណាស់ បើបានជាប្តីកូនប្រហែលជាល្អណាស់ហើយ (ពុករបស់ចម្ប៉ានិយាយ)
-      តែខ្ញុំដូចជាមិនសូវចូលចិត្តគាត់នោះទេ
-      ជឿតាមពុកម៉ែម្តងទៅកូនម៉ែនិងពុកឯងមិនដែលមើលមនុស្សខុសទេ។ ម៉ែពុកជឿថា កូននិងរង្សីជាគូរព្រងហើយ
-      តែខ្ញុំនៅតែ
-      ជឿតាមពុកម៉ែម្តងទៅ វាមិនខុសទេកូន
-      បើពុកម៉ែគិតអញ្ចឹងទៅហើយ ខ្ញុំព្រមតាមពុកម៉ែចុះ
-       អើ! បើអញ្ចឹង ម៉ែប្រាប់រង្សីថាកូនយល់ព្រមហើយណា?
-      ចាស
បន្ទាប់ពីនោះមក ពុកម៉ែរបស់ចម្ប៉ាក៏ហៅរង្សីមកប្រាប់អំពីររឿងនោះ។ រង្សីដឹងអញ្ចឹងភ្លាមក៏ប្រញ៉ាប់តេទៅប្រាប់ម៉ែរបស់គេភ្លាម
-      អាឡូ! ម៉ែ
-      អើ! ម៉េចហើយកូន?
-      គេយល់ព្រមហើយ
-      យល់ព្រមហើយ?
-      បាទចុះពុកយ៉ាងម៉េចហើយម៉ែ?
-      ពុកឯងចូលទៅដេកហើយកូន
-      គាត់មិនអីមែនទេ ម៉ែ?
-      នៅតែដដែរហ្នឹងកូនមើលទៅប្រហែលដូចគ្រូពេទ្យនិយាយហើយកូន
-      មិនគួរណាពុក ត្រូវក្លាយជាបែបហ្នឹងណោះ
-      កុំនិយាយរឿងហ្នឹងទៀតអីកូនម៉ែទប់ទឹកភ្នែកមិនបានទេ
-      អញ្ចឹងម៉ែចូលសម្រាន្តទៅណា
-      អើ! ចាំស្អែក ម៉ែទៅជួបពុកម៉ែចម្ប៉ានិយាយរឿងរៀបការកូនឯងក្រែងអាចឲ្យពុកកូននៅឃើញមង្កលការកូន
-      ម៉ែកុំនិយាយអញ្ចឹងអី… (រង្សីស៊ឺតសកចង់យំ)
-      បានហើយណា កូន
-      បាទ សំណាងល្អណាម៉ែ
នៅពេលនិយាយជាមួយម៉ែរបស់គេរួច រង្សីក៏ចូលគេងទៅ។ នៅពេលព្រឹកឡើង ពុកម៉ែរបស់គេក៏មកនិយាយដណ្តឹងចម្ប៉ាម្តងទៀត។ ពុកម៉ែចម្ប៉ាយល់ព្រមហើយ ពួកគាត់និយាយរឿងរៀបការតែម្តង ដោយកំណត់យករយៈពេលពីរខែទៀតរៀបការ។ ថ្ងៃមួយនៅពេលដែលអ្នកទាំងពីរគឺ ចម្ប៉ា និងរង្សីរៀបការរួចបានប្រមាណជិតប្រាំមួយខែ រង្សីនិងពុកក្មេករបស់គេបាននាំគ្នាទៅដាក់ជីដើមស្វាយនៅចំការ។ ពេលទៅដល់ហើយ ពុកក្មេងរបស់រង្សីក៏ចូលទៅក្នុងចំការមុន ចំណែករង្សីមានគេតេមកក៏នៅនិយាយទីនោះបានបន្តិចរួចជិះម៉ូតូទៅបាត់ ចោលពុកក្មេករបស់គេ។ ឃើញបែបនេះ ពុកក្មេករបស់រង្សីក៏មិនថាអីនោះទេ ហើយក៏នៅដាក់ជីដើមស្វាយទាំងនោះរហូតបានទាំងមួយរយដើម តែម្នាក់ឯង។ ល្ងាចបន្តិចទើបរង្សីត្រឡប់មកយកពុកក្មេករបស់គេវិញ
-      ឲ្យខ្ញុំសុំទោសផងពុកមិននេះខ្ញុំ
-      អើ! មិនអីទេទៅផ្ទះទៅ យប់ឥឡូវហើយ
-      បាទ
រង្សីនៅតែមិនអស់ចិត្តនឹងពុកក្មេករបស់គេ ដោយគិតក្នុងចិត្តថា គាត់ប្រហែលជាខឹងនឹងគេហើយ។ ពេលដែលអ្នកទាំងពីរទៅដល់ផ្ទះហើយ ពុកក្មេករបស់រង្សីដូចជាមិននិយាយអ្វីច្រើនជាមួយរង្សីដូចកាលមុនឡើយ។ នៅពេលញ៉ាំបាយពេលល្ងាចរួច រង្សីចុះទៅងូតទឹកនៅកំពុងជាមួយប្រពន្ធរបស់គេ ប៉ុន្តែនៅពេលទៅដល់កំពង់ទឹក ពួកគេស្រាប់តែភ្លេចយកសាប៊ូដុសខ្លួនមក។ ចម្ប៉ាប្រាប់ឲ្យរង្សីលើងទៅយកសាប៊ូមក។ ពេលរង្សីដើរទៅដល់ក្រោមផ្ទះក៏លឺពុកម៉ែក្មេករបស់គេនិយាយពីគេ
-      ម៉ែវាឯង មានដឹងថាថ្ងៃមិញកូនប្រសារយើងម៉េចទេ?
-      ម៉េច ពុកវា?
-      ពេលនៅដាក់ជីស្វាយហ្នឹង ខ្ញុំអ្នកធ្វើម្នាក់ឯងទេ
-      ចុះរង្សី?
-      វាមិនដឹងបាត់ទៅណាទេទាស់តែពេលល្ងាច ដាក់ជីរួចអស់បានវាមកវិញ
-      ហើយម៉េចក៏អញ្ចឹង?
-      អ្ហើយ! មើលទៅ ប្រហែលជាយើងមើលមនុស្សខុសហើយ
-      កុំនិយាយទៀតអីពុកវា ក្រែងរង្សីស្តាប់លឺ មិនល្អទេចាំមើលបន្តិចទៀតទៅក្រែងកូនកែរ ខ្លួនវិញ។ កុំទាន់ប៉ាន់ស្មានអី
-      ខ្ញុំក៏គិតថាវាអាចកែរខ្លួនវិញដែរ តែបើមិនកែទេ ខ្ញុំច្បាស់ជាឲ្យកូនយើងលែងវាហើយ
-      ពុកវានិយាយស្អីហ្នឹង? កូនការមិនទាន់បានប្រាំមួយខែផង ចង់ឲ្យលែងគ្នា?
-      ខ្ញុំក៏មិនចង់អញ្ចឹងដែរ តែបើវាធ្វើហួសហេតុពេក ខ្ញុំទ្រាំមិនបានទេ
រង្សីស្តាប់លឺប៉ុណ្ណឹងហើយក៏ដើរទៅយកសាប៊ូដុសខ្លួន រួចក៏ត្រឡប់ទៅកំពង់ទឹកវិញ។ ពេលដែលអ្នកទាំងពីរងូតទឹករួច ពួកគេក៏ឡើងមកផ្ទះវិញ។ រង្សីឡើងទៅដេកលើគ្រែមុនដោយបែរមុខទៅរកជញ្ជាំង ហើយចម្ប៉ាក៏ចូលទៅដេកតាមក្រោយដោយបែរមុខទៅរកខ្នងរបស់រង្សី។ ពេលកំពុងតែដេកសុខៗ រង្សីក៏បែរមុខទៅរកចម្ប៉ារួចហើយក៏សួរ
-      បងចង់
-      ចង់អី?
-      ចង់សួរអូនរឿងមួយ?
-      រឿងអី?
-      រាល់ថ្ងៃហ្នឹង កូនមានស្រឡាញ់បងអត់?
-      បងឯងសួរអីអញ្ចឹង? បើការហើយហើយមិនស្រឡាញ់រៀបការធ្វើអី? (ចម្ប៉ាឆ្លើយបណ្តើរសើចបណ្តើរ)
-      ពិតមែនអ្ហេ? អូនពិតជាឆ្លើយការពិតមែនអ្ហេ? (រង្សីសួរយ៉ាងម៉ឺងម៉ាត់)
-      អត់ទេ! អូនមិនធ្លាប់ស្រឡាញ់បងទេ។ ចុះបង?
-      បងក៏អញ្ចឹងដែរ
-      អញ្ចឹងម៉េចក៏បងមកដណ្តឹងខ្ញុំ? ហើយរៀបការជាមួយខ្ញុំ? (ចម្ប៉ាសម្លឹងមើលមុខរង្សី)
-      បង
-      ខ្ញុំនិយាយលេងទេ ម៉េចក៏បងធ្វើមុខអញ្ចឹង?​ ប៉ុន្តែបើបងពិតជាមិនស្រឡាញ់ខ្ញុំមែននោះ ស្អែកយើងបែកគ្នាទៅ
និយាយហើយ ចម្ប៉ានិងរង្សីក៏សង្ងំដេករៀងៗខ្លួនទៅ។ លុះព្រឹកឡើង​ ​រង្សីងើបពីព្រឹកចេញពីផ្ទះ ដោយទុកសំបុត្រមួយឲ្យចម្ប៉ា
-      បងមិនប្រាកដក្នុងចិត្តនោះទេ ថាបងពិតជាស្រឡាញ់អូនឬក៏អត់។ បងដឹងថាអូនមិនធ្លាប់ស្រឡាញ់បង តែអូនព្រមរៀបការជាមួយបង ក៏ព្រោះតែពុកម៉ែរបស់អូន។​​ ​ពួកយើងរៀបការជាមួយគ្នាមែន តែបងមិនធ្លាប់ប៉ះពាល់អូននោះទេ ព្រោះបងដឹងថាថ្ងៃនេះអាចនឹងកើតឡើង។ ពេលនេះបងកំពុងតែចាំអូននៅសាលាឃុំហើយ បើអូនចង់លែងលះគ្នា អូនអាចមកសាលាឃុំបានបងនៅចាំអូន
ចម្ប៉ាអានសំបុត្រនោះហើយក៏ប្រញ៉ាប់ទៅសាលាឃុំ។ ពេលដែលនាងទៅដល់ហើយ អ្នកទាំងពីរក៏ព្រមព្រាងលែងលះគ្នា។ បន្ទាប់មក អ្នកទាំងពីក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន។ នៅពេលដែលឃើញចម្ប៉ាទៅផ្ទះវិញតែម្នាក់ឯង ម៉ែរបស់នាងក៏សួរ
-      យ៉ាងម៉េចហ្នឹងកូន? ចុះឯណារង្សី? (ម៉ែចម្ប៉ាកំពុងបោសសម្រាមមុខផ្ទះសួរនាង)
-      ខ្ញុំលែងលះគ្មាហើយ
-      លែងគ្នា? ស្អីអញ្ចេះកូននេះ លែងគ្នាស្អី? (ម៉ែចម្ប៉ាភ្ញាក់ផ្អើលពេលលឺ​បែបនេះ)
ចម្ប៉ាឈប់និយាយក៏យកដៃខ្ទប់មាត់ ដោយយំបណ្តើររត់ឡើងទៅលើផ្ទះបណ្តើរ។ និយាយពីរង្សីវិញ នៅពេលដែលទៅដល់ផ្ទះ គេមិនឃើញពុកម៉ែគេនៅមុខផ្ទះនោះទេ ប៉ុន្តែគេឃើញមានស្បែកជើងជាច្រើនគូរនៅកាំជណ្តើរផ្ទះរបស់គេ។ នៅពេលរង្សីហៀបនឹងឡើងលើផ្ទះ ក៏លឺសម្លេងស្រែកយំ។ ពេលដែលគេឡើងទៅដល់លើផ្ទះ រង្សីក៏ឃើញពុករបស់គេកំពុងតែនៅស្តូក ស្តឹងលើកន្លេ ហើយចាស់ៗកំពុងសូត្រធម៌
-      ពុក!! (រង្សីស្រែកហៅពុករបស់គេរួចរត់ទៅអោបគាត់)
-      កូនមកហើយអ្ហេ? (ពុករបស់រង្សីនិយាយតិចៗ ខ្សាវៗ)
-      បាទ ពុក
-      ពេលពុកស្លាប់ទៅ កូនមើលថែរប្រពន្ធ និងម៉ែកូនឲ្យល្អផង
-      អត់ទេ! ពុកមិនអាចស្លាប់ទេ
-      នោះ! មានគេមកយកពុកទៅហើយ កូននៅឲ្យបានសុខណា(ពុករបស់រង្សីនិយាយចប់ក៏ស្លាប់បាត់ទៅ)
-      ពុក!! (រង្សីស្រែកយំ)

សូមរង់ចាំអានភាគបន្ត!

Comments