[ខ្ញុំ❤រឿងកូរ៉េ - Buntith]
និស្ស័យ (Fate)
ដោយប៊ុនទិត្យ
១៥
សម្រាប់អ្នកអានដែលមានអាយុចាប់ពី
១៥ឆ្នាំឡើងទៅប៉ុណ្ណោះ។
រឿងនេះដកស្រង់ចេញពីរឿងដែលបានកើតឡើងពិតប្រាកដ
ប៉ុន្តែផ្នែកមួយចំនួននៅក្នុងរឿងត្រូវបានបន្ថែមបន្ថយ។
បញ្ជាក់៖
អក្ខរាវិរុទ្ធកន្លែងខ្លះអាចនឹងមានខុស។
ភាគ២
បន្ទាប់ពីរង្សីនិងចម្ប៉ាបានលែងគ្នាដាច់ស្រាច់ហើយ
អ្នកទាំងបានត្រឡប់ទៅផ្ទះរបស់គេរៀងៗខ្លួន។ ពុកម៉ែទាំងសងខាងរបស់គេមិនបានដឹងថាពួកគេបានបែកគ្នានោះទេ។
លុះចម្ប៉ាត្រឡប់ទៅដល់ផ្ទះហើយ ម៉ែរបស់នាងបានសួរអំពីររង្សី
នាងបានឆ្លើយថាពួកគេលែងគ្នាហើយ។ ចម្ប៉ាឆ្លើយតែប៉ុណ្តឹងស្រាប់តែហូរទឹកភ្នែកមកតក់ៗ
រួចនាងក៏រត់ឡើងទៅលើផ្ទះចូលក្នុងបន្ទប់របស់នាងទៅ។ ម៉ែរបស់ចម្ប៉ាមិនអស់ចិត្តក៏លើកទូរស័ព្ទតេទៅរង្សី
ប៉ុន្តែគេមិនបានលើកឡើយ។ បន្ទាប់មកគាត់ក៏តេទៅម៉ែរបស់គេវិញម្តង…
-
អាឡូ អ្នក…
-
អ្នកអើយ ប្តីខ្ញុំគាត់ស្លាប់ហើយ…. (ម៉ែរបស់រង្សីលើកទូរស័ព្ទភ្លាម
ក៏និយាយប្រាប់ម៉ែរបស់ចម្ប៉ាបែបនេះភ្លាម)
-
ចាស? អ្នកថាម៉េចមិញ?
-
ពុកវា… គាត់ស្លាប់ហើយ… (ម៉ែរបស់រង្សីនិយាយផងយំផង)
-
ចាស?! ម៉េចអញ្ចឹង? បន្តិចទៀតខ្ញុំទៅដល់ហើយ…
និយាយហើយ
ម៉ែរបស់ចម្ប៉ាក៏ឈប់បោសសម្រាម ហើយស្រែកហៅចម្ប៉ា។
ចម្ប៉ារវល់តែយំមិនបានលឺសម្លេងហៅរបស់ម៉ែនាងឡើយ។ ម៉ែរបស់នាងដឹងថាកូនកំពុងខូចចិត្តអញ្ចឹងក៏ខ្ជិលរវល់នឹងនាង
គាត់ទៅផ្ទះរបស់រង្សីតែម្នាក់ឯងទៅ។ ពេលដែលម៉ែរបស់ចម្ប៉ាទៅដល់លើផ្ទះរបស់រង្សីហើយ
គាត់ឃើញអង្គុយយំដោយបញ្ឈរជង្គង់ហើយផ្អែកនឹងជញ្ជាំងក្បែរពុករបស់គេ
ហើយគាត់ក៏ចូលទៅជិតរង្សី…
-
កាត់ចិត្តទៅកូន… ជីវិតវាមិនទៀតទេ… (អតីតម៉ែក្មេករបស់គេនិយាយបណ្តើរអង្អែលក្បាលគេបណ្តើរ)
-
ម៉ែមកហើយអ្ហេ… (រង្សីងើបមុខឡើងហើយក៏សួរគាត់)
-
អ៊ឹង… ម៉ែមកហើយ…
គាត់និយាយប៉ុណ្ណឹងហើយ
ម៉ែរបស់ចម្ប៉ាក៏ទៅជួយចាប់ចែងរៀបចំពីធីបុណ្យសពរបស់ពុករង្សី។ មួយសន្ទុះក្រោយមក
គេក៏រៀបចំមេក្រូ និងធ្វើរោងនៅមុខផ្ទះរបស់រង្សីដើម្បីធ្វើបុណ្យ។
និយាយពីចម្ប៉ាឯណោះវិញ នាងនៅមិនទាន់បាត់យំនោះ តែនៅពេលដែលនាងលឺមេក្រូបុណ្យបែបនោះ
នាងក៏យំកាន់តែខ្លាំងហើយនិយាយថា…
-
នណាហ្នឹង… មកស្លាប់ចំថ្ងៃខូចចិត្ត…
ចម្ប៉ានិយាយហើយក៏ជូតទឹកភ្នែកចេញ
រួចហើយក៏ចុះពីលើផ្ទះមកវិញ ទើបដើរទៅលុបមុខទឹកពាង។ លុបមុខបណ្តើរ
នាងក៏គិតក្នុងចិត្តថា ហេតុអីនាងត្រូវមកខូចចិត្ត បើគ្រប់យ៉ាងវាចប់បាត់អស់ហើយ។
ម៉្យាងទៀត នាងក៏មិនធ្លាប់ស្រឡាញ់រង្សីដែរ តាំងពីមុនពេលរៀបការ និងក្រោយពេលរៀបការ
ប៉ុន្តែហេតុអីទៅទើបនាងត្រូវយំ ឬមួយមកពីនាងស្តាយដែលនាងជាស្រីមេម៉ាយ? គិតអញ្ចឹងហើយ
ចម្ប៉ាក៏រកមូលហេតុហេតុដែល្វើឲ្យនាងយំមិនឃើញសោះ
ឬមួយក៏នាងពិតជាស្រឡាញ់រង្សីបន្ទាប់ពីពួកគេលែងគ្នា? ចម្ប៉ាដើរទៅយកកន្សែងមកជូតមុខ
រួចហើយក៏ដើរទៅឆុងមីញ៉ាំ។ នាងរកមើលម៉ែនាងមិនឃើញសោះ
ចំណែកឯសម្រាមនៅមុខផ្ទះក៏មិនទាន់កើបយកទោបោះចោលទៀត។ នាងបារម្ភពីម៉ែរបស់នាងក៏ទូរស័ព្ទទៅគាត់…
-
អាឡូ! ម៉ែនៅណា?
-
នៅផ្ទះកូនសី…
-
នៅផ្ទះណាគេ? (ចម្ប៉ាស្តាប់មិនសូវបានព្រោះសម្លេងអ៊ូអរពេក)
-
នៅផ្ទះកូនសី… ប្តីកូនឯងហ្នឹង..
-
ផ្ទះបងរង្សី?
ម៉ែទៅធ្វើអីនៅហ្នឹង?
-
អើ! បានអ្ហី ម៉ែរវល់ណាស់…
-
ហើយម៉ែ! នៅកន្លែងហ្នឹងមានបុណ្យខ្មោចមែន… ម៉ែ? ម៉ែ?
អ្ហើយ… មិនទាន់និយាយចប់ផងគាត់បិទបាត់…
ចម្ប៉ានិយាយមិនទាន់ស្រួលបួលផង
ម៉ែរបស់នាងបានបិទទូរស័ព្ទបាត់។ បន្ទាប់មកនាងក៏ដើរទៅកើបសម្រាមយកទៅចាក់ចោល
លុះបានបន្តិចក្រោយមកក៏មានទូរស័ព្ទតេមកនាង…
-
អាឡូ…
-
ចម្ប៉ាអ្ហា! មានដំណឹងល្អហើយ… (សិលាដែលជាមិត្តភក្តិរៀនជាមួយនាងតេមក)
-
ដំណឹងអី? និយាយឲ្យលឿនបន្តិចមកខ្ញុំរវល់ណាស់…
-
ឯងប្រឡងជាប់ហើយ…
-
អ!... ថាម៉េច?! ខ្ញុំប្រឡងជាប់ហើយ?
(ចម្ប៉ានិយាយដំបូងដូចជាគ្មានកម្លាំង តែពេលលឺថាប្រឡងជាប់ក៏អរដូចហោះ)
-
អ៊ឹង! ចេញមិញហ្នឹង!
-
ចុះសិលាឯងប្រឡងជាប់អត់?
-
អ! ជាប់តើ…
-
យ៉ា! អញ្ចឹងបានរៀនជាមួយគ្នាហើយ…
-
អ៊ឹង… ហើយចូលរៀនថ្ងៃច័ន្ទក្រោយហ្នឹងហើយ…
-
អ្ហាស? អីក៏លឿនម៉េះ? ខ្ញុំមិនទាន់បានរៀបចំខោអាវអីផង…
-
រៀបឲ្យហើយទៅអញ្ចឹង.. ហើយចម្ប៉ាឯងទៅនៅឯណាដែរ?
-
ដូចជាមិនទាន់ដឹងទេ… ចុះសិលាឯង?
-
ខ្ញុំក៏មិនទាន់ដឹងដែរ… បើនេះនៅជាមួយទៅអ្ហី?
-
ដូចជាមិនសមទេដឹង?
-
ខ្ញុំក៏គិតថាអញ្ចឹងដែរ…
-
អញ្ចឹងក៏សួរដែរ… (ចម្ប៉ាសើច)
-
អ! បានហើយណា? បើនេះ ចាំនៅបន្ទប់ជិតគ្នាតែម្តងទៅ…
-
អ៊ឹង… អញ្ចឹងក៏បាន…
បន្ទាប់ពីចម្ប៉ានិយាយទូរស័ព្ទជាមួយសិលារួចហើយ
នាងក៏ចូលទៅដាំបាយនៅផ្ទះបាយ។ នៅពេលដែលដាំបាយឆ្អិនហើយ នាងក៏ធ្វើម្ហូប
ទើបយកបាយនឹងម្ហូបទាំងនោះមកដួសយកមកញ៉ាំនៅមុខផ្ទះក្រោមដើមឈើ។ បន្តិចក្រោយមក
វាសនាដែលជាប្អូនរបស់នាងក៏ចេញមកពីរៀន។ ពេលមកដល់ វាសនាមិនឃើញពុកម៉ែ
និងបងក្មេករបស់គេក៏សួរចម្ប៉ា…
-
បង! ខ្ញុំមកពីរៀនវិញអ្ហី… (វាសនាលើកដៃសំពះបងស្រីរបស់គេ)
-
អ៊ឹង! ទៅលាងដៃទៅនឹងអាលញ៉ាំបាយ…
-
ចុះពុកម៉ែ? (វាសនាទុកកាតាមបណ្តើរហើយដើរទៅលាងដៃ)
-
ពុកទៅមើលស្វាយបាត់ហើយ…
-
ចុះម៉ែ? បងថ្លៃ? (វាសនាដើរមកកន្លែងញ៉ាំបាយក្រោមដើមឈើ)
-
ទៅផ្ទះអតីតបងថ្លៃឯងបាត់ហើយ… (ចម្ប៉ានិយាយហើយក៏ញ៉ាំបាយ)
-
បាទ? ស្អីគេបង? អតីតបងថ្លៃ? (វាសនាហៀបនឹងញ៉ាំបាយហើយ
ពេលលឺអញ្ចឹងក៏ឈប់សិន)
-
បងលែងគ្នាហើយ… (ចម្ប៉ាឆ្លើយបណ្តើរញ៉ាំបាយបណ្តើរ
ធ្វើដូចគ្មានរឿងអី)
-
ស្អីគេ? លែងគ្នា? បងឆ្លួតទេអ្ហី ការមិនទាន់បានកន្លះឆ្នាំស្រួលបួលផងលែងគ្នា…
-
នែ! ឯងថាម៉េចមិញ?
-
ខ្ញុំថាបងគិតក៏ទៅលែងគ្នាអញ្ចឹង? ហើយម៉ែពុកមានដឹងអត់?
-
ម៉ែដឹងហើយ តែពុកមិនទាន់ទេ…
-
អ្ហើយ… បងឯង! បើពុកដឹងមិនដឹងគាត់ថាម៉េចទេ…
រួចម៉េចបានទៅលែងបងថ្លៃអញ្ចឹង? គាត់ចិត្តល្អសឹងអី…
-
ចិត្តល្អបានការអី បើគាត់មិនស្រឡាញ់បងផង…
-
ស្អីគេទេ… ខ្ញូំដូចស្តាប់មិនយល់សោះ…
-
បើមិនយល់ទេ ឈប់និយាយត្រឹមហ្នឹងទៅ…
-
បើជ្រុលជានិយាយហើយ មិនក៏មិននិយាយឲ្យចប់ចុងចប់ដើមមក…
-
អ្ហឹម… រឿងហ្នឹងនិយាយទៅវែងឆ្ងាយពេកហើយ…
-
វែងឆ្ងាយប៉ុណ្ណាក៏ខ្ញុំនៅតែចង់ស្តាប់ដែរ…
-
យប់មិញហ្នឹង គាត់សួរបងថាមានស្រឡាញ់គាត់អត់ ហើយបងក៏ប្រាប់តាមត្រង់ទៅថាបងមិនស្រឡាញ់គាត់…
-
ហើយម៉េចទៀត?
-
ហើយគាត់ប្រាប់បងថា បងក៏មិនស្រឡាញ់បងដែរ…
-
បងមិនស្រឡាញ់អូនទេ អូនក៏មិនស្រឡាញ់បងដែរ
អញ្ចឹងទេពួកយើងបែកគ្នាទៅ… អញ្ចឹងមែនទេបង?
-
អ៊ឹង… ហើយព្រឹកមិញពួកយើងលែងគ្នាទៅ…
-
លែងនៅសាលាឃុំ?
-
អ៊ឹង…
-
ហ៊ុល… គួរឲ្យចង់សើចម៉េះ… មិនស្រឡាញ់គ្នា ចុះម៉េចក៏រៀបការជាមួយគ្នាធ្វើអី?
-
បងមិនដឹងមូលហេតុគាត់ម៉េចទេ តែបងមកពីម៉ែបង្ខំនោះទេ…
-
បងថាបងមិនស្រឡាញ់បងថ្លៃទេ តែហេតុអីក៏ភ្នែកបងអីក៏ក្រហមម៉េះ?
ឬមួយក៏យំ?
-
កុំចេះតែនិយាយមើល… មានរឿងអីដែរបងត្រូវយំ?
-
ខ្ញុំមិនជឿទេ មើលទៅដូចជាយំច្បាស់ណាស់…
-
អ្ហើយ… បានអ្ហី! បានអ្ហី! ញ៉ាំបាយឲ្យលឿនទៅ…
-
ច្បាស់ណាស់ បងឯងច្បាស់ជាយំ… នៅប្រកែកថាអត់ស្រឡាញ់គ្នាទៀត…
យ៉ាប់ណាស់ស្នេហាគេនេះ… (វាសនាសើច)
-
សើចស្អី? ញ៉ាំបាយទៅ…
បន្ទាប់ពីអ្នកទាំងពីរញ៉ាំបាយរួច
ពុករបស់ពួកគេក៏មកដល់។ ចម្ប៉ាក៏រៀបបាយឲ្យគាត់ពិសារ ហើយនៅពេលដែលមិនឃើញប្រពន្ធគាត់នៅ
ពុករបស់ចម្ប៉ាក៏ទូរស័ព្ទទៅគាត់។ ពុករបស់ចម្ប៉ាក៏ដឹងថាពុករបស់រង្សីបានស្លាប់…
-
ចម្ប៉ាអ្ហា! ចម្ប៉ា! (ពុករបស់នាងស្រែកហៅ)
-
ចាសពុក… (ចម្ប៉ានិយាយពីក្នុងផ្ទះមក
រួចហើយក៏នាងដើរចេញមកមុខផ្ទះកន្លែងពុករបស់នាង)
-
ហើយម៉េចក៏កូនមិនទៅបុណ្យពុកក្មេកកូន?
-
ចាស? បុណ្យពុកក្មេក? (ចម្ប៉ាឆ្លើយទាំងភ្ញាក់ផ្អើល)
-
អើ! រួចម៉េចក៏កូនមិនដឹងអញ្ចឹង? ទៅរៀបចំទៅបុណ្យឲ្យលឿនទៅ…
-
ចាស…
ចម្ប៉ាឆ្លើយរួចក៏ឡើងទៅលើផ្ទះប្តូរខោអាវដោយពាក់អាវស
និងស្លៀកសំពត់បត់។
វាសនាដែលជាប្អូនរបស់នាងកំពុងដែលដេកលេងទូរស័ព្ទនៅលើផ្ទះឃើញអញ្ចឹងក៏សួរ…
-
ទៅណាហ្នឹងបង?
-
ទៅបុណ្យ… បុណ្យពុកក្មេក…
-
ពុកបងរង្សី? អញ្ចឹងម៉ែទៅផ្ទះគាត់គឺទៅបុណ្យអ្ហេ?
-
ប្រហែលហើយ…
-
ចឹងម៉េចក៏គាត់មិនប្រាប់បង?
-
មកដឹងទេ… ឯងទៅដែរអត់?
-
ទៅ… ចាំខ្ញុំផង…
វាសនាស្លៀកពាក់រួចហើយ
អ្នកទាំងពីរក៏ជិះម៉ូតូទៅជាមួយគ្នា។ នៅពេលទៅដល់វាសនានៅជួយរៀបចំនៅខាងក្រោយ
ចំណែកចម្ប៉ាក៏ឡើងទៅលើផ្ទះ។ ពេលទៅដល់ នាងឃើញរង្សីកំពុងអង្គុយផ្អែកទៅនឹងជញ្ជាំង
សម្លឹងមើលឪពុករបស់គេ។ ពេលនោះម្តាយរបស់រង្សីក៏ឃើញចម្ប៉ា គាត់ក៏និយាយទៅរកនាង…
-
កូនមកហើយអ្ហេ?
-
ចាស ម៉ែ…
-
អ៊ឹង! ទៅជួយមើលប្តីឯងបន្តិចទៅ
វានៅអង្គុយនៅហ្នឹងតាំងពីព្រឹកម៉េះ…
-
តាំងពីព្រឹក?
-
អ៊ឺ… ទៅ! ម៉ែទៅមើលរៀបចំនៅក្រោមសិន…
-
ចាស…
បន្ទាប់មក
ម៉ែរបស់រង្សីក៏ចុះទៅក្រោមដើម្បមើលរៀបចំ។ ចម្ប៉ាចូលទៅជិតរង្សីហើយ
ក៏បែរមុខទៅរកពុកក្មេងរបស់នាង ហើយថ្វាយបង្គំគាត់បីដង។
រង្សីដឹងថាចម្ប៉ាមកហើយក៏មិនម៉ាត់អីមួយម៉ាត់ ចំណែកចម្ប៉ាវិញ
គ្រាន់តែសម្លឹងមើលមុខរង្សីបន្តិច ហើយក៏នៅអង្គុយស្ងៀមទីនោះទាំងពីរនាក់ទៅ។
ពីរថ្ងៃក្រោយមក ពិធីបុណ្យសពក៏ធ្វើចប់រួចរាល់ ប៉ុន្តែពុករបស់ចម្ប៉ា
និងម៉ែរបស់រង្សីនៅមិនទាន់ដឹងនៅឡើយទេថាពួកគេទាំងពីបានលែងលះគ្នា។
ពិធីបុណ្យសពនោះបានចប់នៅពេលព្រឹក ហើយនៅល្ងាចនោះនៅពេលគ្រួសារទាំងពីរនោះជុំគ្នា ពុករបស់ចម្ប៉ាប្រាប់មិនទាន់ឲ្យចម្ប៉ានិងរង្សីត្រឡប់ទៅផ្ទះវិញ
ដោយឲ្យពួកគេនៅដេកផ្ទះរបស់រង្សី។ ពេលគ្រួសាររបស់ចម្ប៉ាត្រឡប់ទៅផ្ទះវិញ
ម៉ែរបស់រង្សីក៏ឲ្យទាំងពីរនាក់ប្តីប្រពន្ធដែឡលបានលែងលះនោះចូលទៅដេកក្នុងបន្ទប់របស់រង្សីជាមួយគ្នា។
អ្នកទាំងពីរនោះក៏មិនថាម៉េច ហើយក៏ចូលទៅក្នុងបន្ទប់ដេកជាមួយគ្នាទៅ។ ពេលចូលទៅដល់
ចម្ប៉ាក៏ដើរទៅចងមុង លុះចងរួចហើយនាងក៏សួររង្សី…
-
បងសម្រាន្តនៅលើគ្រែទៅ ខ្ញុំដេកនៅក្រោមហ្នឹងក៏បាន…
-
បងដេកនៅក្រោមក៏បាន អូនដេកលើគ្រែចុះ…
-
ចាស… អញ្ចឹងក៏បាន…
និយាយគ្នាតែប៉ុណ្ណឹង
អ្នកទាំងពីរក៏សង្ងំគេងរៀងៗខ្លួនទៅ តែគ្មាននណាម្នាក់បានគេងលក់ឡើយ។ បានប្រហែលជាកន្លះម៉ោងក្រោយមក
ម៉ែរបស់រង្សីស្រាប់តែមកគោះទ្វា…
-
កូនអ្ហា? នាំគ្នាដេកលក់នៅ?
-
បាទ? ម៉ែមានការអីមែន… (រង្សីលឺម៉ែរបស់គេសួរក៏ងើបឡើងឆ្លើយ
ចំណែកចម្ប៉ាក៏បែរសម្លឹងមកទ្វាបន្ទប់ដែរ)
-
បាទ? អូ… បាទ… ចាំមួយភ្លែតម៉ែ…
លឺអញ្ចឹងអ្នកទាំងពីនោះក៏នាំគ្នាប្រញ៉ាប់ប្រញាល់ជញ្ជូនខ្នើយអោប
ខ្នោយកើយដែលរង្សីគេងនៅក្រោម យកទៅដាក់នៅលើគ្រែ រួចហើយទើបរង្សីបើកទ្វាឲ្យម៉ែរបស់គេ។
ពេលម៉ែរបស់រង្សីចូលមក អ្នកទាំងពីក៏នៅឈរជិតគ្នា…
-
ម៉ែមានរឿងអីមែន? (ចម្ប៉ាសួរ)
-
អត់មានអីទេ… ម៉ែភ្លេចថាមានផ្លែឈើចិតហើយទុកនៅក្រោម។
ល្ងាចមិញ ពេលញ៉ាំបាយភ្លេចយកមកញ៉ាំ… ឥឡូវកូននាំគ្នាញ៉ាំ…
-
ម៉ែពិសារទៅ… (រង្សីនិយាយ)
-
អត់ទេ… ម៉ែអត់ឃ្លានទេ… កូននាំគ្នាញ៉ាំទៅ
ម៉ែទៅក្រោយវិញហើយ…
ម៉ែរបស់រង្សីទុកផ្លែប៉ោមមួយចាននោះហើយក៏ចេញទៅក្រៅបន្ទប់វិញទៅ។
ចម្ប៉ានិងរង្សីមិនដឹងធ្វើយ៉ាងម៉េចរឿងផ្លែឈើនោះក៏នាំគ្នាញ៉ាំទាំងពីរនាក់ទៅ។
លុះញ៉ាំហើយក៏នាំគ្នាដេកដូចធម្មតាវិញ តែនៅបន្ទប់នោះមានមូសច្រើន
រង្សីចេញប្រែខ្លួននៅស្តាំបន្តិច ទៅឆ្វេងបន្តិច…
-
មូសច្រើនមែនបង? បើនេះ មកសម្រាន្តនៅលើមក…
-
បងមិនអីទេ..
-
បើមិនអី ម៉េចក៏ប្រែចុះឡើងអញ្ចឹង? ឡើងមកលើមក
ប្រយ័ត្នស្អែកឡើងហើបពេញមុខ…
រង្សីទ្រាំនឹងមូសមិនបានក៏ឡើងទៅលើគ្រែ ហើយគេងជាមួយចម្ប៉ាទៅ
ដោយអ្នកទាំងពីគេងបែរមុខផ្ទុយ។ លុះព្រឹកឡើងស្រាប់តែ អ្នកទាំងពីរគេងបែរមុខរកគ្នា
ហើយចម្ប៉ាគេងនៅលើដៃរបស់រង្សីទៀត។ រង្សីបើកភ្នែកឡើងក៏ឃើញចម្ប៉ាកំពុងគេងកើតដៃរបស់គេ…
-
ហេតុអីក៏បងនៅតែនឹកដល់អូន? នេះប្រហែលជាមិនអាចទៅរួចទេមើលទៅ
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បងចង់ស្រឡាញ់អូនម្តងទៀត… បងចង់ឲ្យអូនជាមនុស្សម្នាក់ដែលបងស្រឡាញ់ជាលើកដំបូង…
រង្សីនិយាយតិចៗតែម្នាក់ឯងទាំងចម្ប៉ាកំពុងគេង
មិនទាន់ភ្ញាក់។ រង្សីមិនបានប្រែខ្លួនឡើយ គេគេងនៅស្ងៀម ព្រោះមិនចង់ឲ្យចម្ប៉ាភ្ញាក់… រង្សីសម្លឹងមើលចម្ប៉ាមិនដាក់ភ្នែក
ហើយគិតក្នុងចិត្តថាហេតុអ្វីក៏ចម្ប៉ាមើលយូរទៅកាន់តែស្អាតអញ្ចឹង
ចំណែកបេះដូងរបស់គេវិញលោតចង់ផ្ទុះចេញមកក្រៅទៅហើយ….
សូមរង់ចាំអានភាគបន្ត!

Comments
Post a Comment