រឿងភាគថ្មីរបស់អ្នកនិពន្ធល្បីឈ្មោះ Kim Eun-sook ដែលមានចំណងជើងថា "Mr. Sunshine" នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប tvN។
គួរបញ្ជាក់ផងដែរ អ្នកនិពន្ធ Kim Eun-sook ធ្លាប់បានសរសេររឿងភាគទូរទស្សន៍ល្បីៗជាច្រើនដូចជារឿង "Descendants of the Sun" ឬ "ម្ចាស់ព្រះអាទិត្យ" និង "Goblin" ជាដើម។
នេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលស្ថានីយ៍ទូរទស្សន៍ដ៍ធំមួយនៅប្រទេសកូរ៉េគឺ ទូរទស្សន៍ SBS ដែលធ្លាប់ចង់បានរឿងភាគ "Mr. Sunshine" នេះទៅចាក់នៅទូរទស្សន៍របស់ខ្លួន ប៉ុន្តែបែរជាមិនបានទៅវិញ។ កាលពីរឿងភាគមុនៗ ភាគច្រើនរឿងរបស់អ្នកនិពន្ធម្នាក់នេះចាក់ផ្សាយនៅទូរទស្សន៍ SBS រហូតមក ប៉ុន្តែក្រោយមកស្រាប់តែមករឿង "Descendants of the Sun" ទូរទស្សន៍ SBS បានប្រលែងរឿងនេះចោល។ លុះក្រោយស្រាប់តែមើលឃើញថា រឿងរបស់អ្នកនិពន្ធម្នាក់នេះល្បី ទើបចង់បានអ្នកនិពន្ធនេះត្រឡប់មកវិញ។
តម្លៃក្នុងការផលិតរឿងភាគកូរ៉េបានកើនឡើងជាលំដាប់ តាំងពី 400 លានវ៉ុន ដល់ទៅជាង 1 ពាន់លានវ៉ុនក្នុងមួយភាគ។ រឿងភាគដែលចំណាយអស់ច្រើនជាងគេគឺ រឿងភាគ "The Legend" របស់ទូរទស្សន៍ MBC ដែលបានចាក់ផ្សាយកាលពីឆ្នាំ 2007 ដោយចំណាយដល់ទៅ 1.6 ពាន់លានវ៉ុនក្នុងមួយភាគ។ ចំណែករឿងភាគថ្មីៗនេះរបស់ទូរទស្សន៍ SBS គឺរឿង "The Legend of the Blue Sea" បានចំណាយដល់ទៅទៅ 1.1 ពាន់លានវ៉ុនក្នុងមួយភាគ។
យ៉ាងណាក៏ដោយ ទូរទស្សន៍ SBS មិនទទួលបានរឿង "Mr. Sunshine" របស់អ្នកនិពន្ធ Kim Eun-sook មួយនេះឡើយដោយសារបញ្ហារថ្លៃផលិតរឿងភាគនេះមានតម្លៃថ្លៃពេកដែលចំណាយអស់ប្រមាណ 1.5 ពាន់លានវ៉ុន ឬ 1.3 លានដុល្លាក្នុងមួយភាគ។ ក្នុងនោះរឿងនេះមានចំនួន 20 ដូច្នេះការចំណាយអស់ដល់ទៅ 30 ពាន់លានវ៉ុនឯណោះ។
ម្យ៉ាងវិញទៀត ដោយសារតែទូរទស្សន៍ដែលចាក់ផ្សាយសេរី ដូចជា ទូរទស្សន៍ SBS ទូរទស្សន៍ MBC និង ទូរទស្សន៍ KBS2 ជាដើមត្រូវបានរឹតបណ្តឹងក្នុងការផ្សាយពាណិជ្ជកម្ម ដូច្នេះហើយ ទូរទស្សន៍ SBS មិនអាចប្រជែងជាមួយទូរទស្សន៍ខ្សែកាប tvN បានឡើយព្រោះទូរទស្សន៍ខ្សែកាបអាចចាក់ផ្សាយពាណិជ្ជកម្មបានច្រើន និងចាក់ផ្សាយឡើងវិញបានច្រើនដងជាងទូរទស្សន៍ផ្សាយសេរី។
ប្រភពៈ (1)
Comments
Post a Comment